សៀវភៅ​ណែនាំ​ពីឧបករណ៍ និង​ការទំនាក់ទំនង​ដ៏​មាន​សុវត្ថិភាព​នៅ​លើ​អុីនធឺណិត

សៀវភៅណែនាំនេះត្រូវបាន​រៀបចំ​ឡើង​ដោយ​អង្គការ Localization Lab សហការ​ជាមួយ​អ្នកជំនាញផ្នែក​សុវត្ថិភាព​ឌីជីថល វិចត្រករ និង​អ្នករចនានៅ​ដើម​ឆ្នាំ​២០២២ ដើម្បី​ធ្វើ​ឱ្យ​កូនសៀវភៅ​តូច តែ​ខ្លឹម​នេះមានអត្ថប្រយោជន៍ដ៏​មហាសាល​​ដល់​ប្រជាជន​ខ្មែរ​ទាំងអស់។

ផ្នែក​ដំបូង​នៃ​មាតិកា​សំខាន់ៗ​នៅ​ក្នុង​កូនសៀវភៅ​នេះ មាន​រូបត្លុក​បង្ហាញ​ពី​សាច់រឿងខ្លី​ដ៏​គួរ​ឱ្យ​ទាក់ទាញ​ចំនួន ៤​រឿង ដូចជា៖

  • រឿង “ស៊ីត្រាវ” 

  • រឿង “VPN ភ្ជាប់​ស្នេហ៍” 

  • រឿង “លោកគ្រូ​បែកធ្លាយ” 

  • និង​រឿង “ឈុត​ក្នុង​នាំ​រឿង”។

អ្នក​គ្រាន់តែបាន​អាន​ចំណងជើង​នៃ​រឿង​ខ្លី​ទាំង​បួន​នេះ ប្រាកដណាស់ អ្នកពិត​ជា​មិន​អាច​មិន​ទាញ​យក​កូនសៀវភៅ​នេះ​នោះ​ទេ។

ឈប់​សិន! យើង​ចង់​ប្រាប់​ថា ក្រៅពី​រឿង​ខ្លី​ទាំង​បួន​នេះ យើង​ក៏​មាន​ណែនាំ​ពី​កម្មវិធី​ទូរស័ព្ទ​ដ៏​មាន​សុវត្ថិភាព​នា​ពេល​បច្ចុប្បន្ន​ក្នុង​ការ​ទំនាក់ទំនង​ឈ្មោះ Signal ព្រមទាំង​ឧបករណ៍​សំខាន់ៗ​ក្នុង​ការ​ប្រើប្រាស់​ប្រចាំ​ថ្ងៃ​ដើម្បី​ចែករំលែក​ឯកសារ ឬ​ការ​ស្រាវជ្រាវ​នៅ​លើ​អ៊ីនធឺណិត​ដោយ​សុវត្ថិភាព និង​អនាមិក​ផងដែរ ដូចជា OnionShare, VPN, Tor Browser និង Onion Browser។

ការ​ចែករំលែក​ដ៏​មាន​សារសំខាន់​នេះ គឺ​មាន​គោលបំណង​ពង្រឹង​សមត្ថភាព​ដល់​អ្នកជំនួញ បុគ្គលិកក្រុមហ៊ុន និយោជក បុគ្គលិកអង្គការ អ្នកកាសែត មន្ត្រីរាជការ អ្នក​ធ្វើការ​ក្នុងសហគមន៍ សិស្ស និស្សិត និង​អ្នកដែលគិតដល់ឯកជនភាព ដើម្បី​ឈ្វេងយល់ និង​ប្រើប្រាស់​អុីនធឺណិត​ដោយ​សុវត្ថិភាព។

តើ Signal ជា​អ្វី?

Signal ជា​កម្មវិធីឈែតដែលមានសុវត្ថិភាព ប្រើប្រាស់កូដចំហ (Open Source) និង​មាន​កូដនីយកម្មសងខាង (End to End Encryption)។ អ្នកប្រើប្រាស់អាចផ្ញើសារជាអក្សរ សំឡេង រូបភាព វីដេអូ ឯកសារ ការហៅចេញជាសំឡេង ឬវីដេអូដោយមិនគិតថ្លៃ។

តើ OnionShare ជា​អ្វី?

OnionShare គឺជាកម្មវិធីបើកចំហកូដ​ និង​មិន​គិត​ថ្លៃ ដោយ​អ្នកប្រើប្រាស់អាច​ចែករំលែកឯកសារ​ដោយ​មិន​កំណត់​ទំហំ បង្ហោះវេបសាយ និង​ឈែតជាមួយមិត្តភ័ក្តិ ឬ​ក្រុម​ការងារដោយសុវត្ថិភាព និង​អនាមិកតាមរយៈការប្រើប្រាស់បណ្ដាញ Tor។

តើ VPN ជា​អ្វី?

VPN ជា​បណ្ដាញ​ឯកជន​និម្មិត​ដែល​បង្កើត​ច្រកឯកជន ដើម្បី​ភ្ជាប់​ទៅកាន់​បណ្ដាញ​មួយ​ទៀត​នៅ​លើ​អុីនធឺណិត​ដោយ​សុវត្ថិភាព ដោយ​វា​​ធ្វើ​កូដនីយកម្មចរាចរណ៍អុីនធឺណិត លាក់អាសយដ្ឋាន IP និង​ទីតាំង​របស់​អ្នក។ VPN អនុញ្ញាត​ឱ្យ​អ្នក​អាច​បើក​មើល​វេបសាយ​ដែល​ត្រូវ​គេ​ប្លុក និង​ជៀសផុត​ពី​ការ​ឃ្លាំមើល​នៅ​លើ​អុីនធឺណិត​ផង​ដែរ។

តើ Tor Browser ជា​អ្វី?

Tor ជា​កម្មវិធី​រុករក​ដែលប្រើប្រាស់បណ្តាញឯកជនរបស់ Tor ដើម្បីការពារឯកជនភាព និង​បិទបាំងអត្តសញ្ញាណរបស់អ្នក​នៅលើ​អុីនធឺណិត​មាន​សុវត្ថិភាព​ខ្ពស់។ Tor ជា​កម្មវិធី​ដែល​បើក​កូដ​ចំហ (Open Source) និង​មិនរក្សាទុកប្រវត្តិនៃការប្រើប្រាស់អុីនធឺណេតរបស់​អ្នក​នោះទេ។

Tor គឺ​សម្រាប់​អ្នក​ប្រើប្រាស់​ប្រព័ន្ធ​ប្រតិបត្តិការ Windows, MacOS, Linux និង Android។

តើ Onion Browser ជា​អ្វី?

Onion ជា​កម្មវិធី​រុករក​ដែលប្រើប្រាស់បណ្តាញឯកជនរបស់ Tor ដើម្បីការពារឯកជនភាព និង​បិទបាំងអត្តសញ្ញាណរបស់អ្នក​នៅលើ​អុីនធឺណិត​មាន​សុវត្ថិភាព​ខ្ពស់។ Onion ជា​កម្មវិធី​ដែល​បើក​កូដ​ចំហ (Open Source) និង​មិនរក្សាទុកប្រវត្តិនៃការប្រើប្រាស់អុីនធឺណេតរបស់​អ្នក​នោះទេ។

កម្មវិធី​រុករក Onion គឺ​សម្រាប់​អ្នក​ប្រើប្រាស់​ប្រព័ន្ធ​ប្រតិបត្តិការ iOS មានដូចជា iPhone និង iPad។

ទាញ​យក​កូនសៀវភៅ